មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា​ធ្វើការ​វាយ​តម្លៃ​ពាក់​កណ្ដាល​គម្រោង​ផ្ដល់​អាហារូបករណ៍​ សរសេរ​សារណា​ចំពោះ​​និស្សិត​បរិញ្ញាបត្រ​ឆ្នាំ​ទី​៤


ចាប់​ពី​ខែ​កក្កដា និង​ខែ​កញ្ញា ឆ្នាំ​២០២៣ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច.) នៃ​ទីស្ដីការគណៈ​រដ្ឋមន្ត្រី បាន​រៀប​ចំ​កម្មវិធី​វាយតម្លៃពាក់កណ្ដាលគម្រោងផ្ដល់អាហារូបករណ៍​សរសេរសារណាចំពោះនិស្សិតបរិញ្ញាបត្រឆ្នាំទី៤​ ដែល​ទទួល​បាន​អាហារូបករណ៍​ពី​មជ្ឈ​មណ្ឌល​ក្នុង​ឆ្នាំ​២០២៣ ​នេះ​។
កម្មវិធី​វាយ​តម្លៃ​ពាក់​កណ្ដាល​នេះ ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការ​ស្រាវជ្រាវ​របស់​និស្សិត ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ផ្ដល់​មតិ​ណែនាំ ក៏​ដូច​ជាការ​តម្រង់​ទិស​ឲ្យ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​មាន​ភាព​ប្រសើរ​ឡើង​។
ការវាយតម្លៃពាក់កណ្ដាលគម្រោងផ្ដល់អាហារូបករណ៍​សរសេរសារណា ចំពោះនិស្សិតបរិញ្ញាបត្រឆ្នាំទី៤ ដែល​ទទួល​បាន​អាហារូបករណ៍​ពី​មជ្ឈ​មណ្ឌល​នា​ពេល​នេះមាន​ការ​ចូល​រួម​ពី​សំណាក់​និស្សិត​ទាំង​៧​ក្រុម លោក​គ្រូ​អ្នក​គ្រូ​ជា​ទី​ប្រឹក្សា​របស់​និស្សិត ក៏​ដូច​ជា​គ្រូ​ណែនាំ​ពី​មជ្ឈ​មណ្ឌល និងបាន​ធ្វើ​ឡើង​នៅ​តាម​សាកលវិទ្យាល័យ​នានា​ដែល​មាន​និស្សិត​ទទួល​បាន​អាហារូបករណ៍​ ដូច​ជា​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​សាកល​វិទ្យាល័យ​​អាមេរិកាំង​អន្តរជាតិ​​។
ក្រោមជំនួយរបស់រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន មជ្ឈមណ្ឌលបានអនុវត្តនូវគម្រោងអាហារូបករណ៍​សរសេរ​សារណាសម្រាប់និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ដែលជាគម្រោងតូចមួយក្នុងចំណោមគម្រោង​តូចៗទាំងបួន​នៃ​គម្រោង​អាណត្តិកេរដំណែលរបស់មជ្ឈមណ្ឌល ដែលទទួលបានជំនួយថវិកាពីមូលនិធិបដិភាគជប៉ុន (Japan V)។ គម្រោងផ្តល់អាហារូបករណ៍សរសេរសារណានេះ មាន​រយៈពេលអនុវត្តចំនួន​២ ឆ្នាំ គឺឆ្នាំ​២០២២ និង​ឆ្នាំ២០២៣ ដោយមានវដ្តគម្រោងរយៈពេលមួយឆ្នាំ៕
អត្ថបទ ៖ ម.ត.ឯ.ច.


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.