មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច.) រៀបចំកិច្ចប្រជុំចែករំលែកលទ្ធផលស្រាវជ្រាវរបស់និស្សិតទទួលអាហារូបករណ៍សរសេរសារណា ឆ្នាំ២០២៣


មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញ
ក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច.) រៀបចំកិច្ចប្រជុំចែករំលែកលទ្ធផលស្រាវជ្រាវ
របស់និស្សិតទទួលអាហារូបករណ៍សរសេរសារណា ឆ្នាំ២០២៣
នៅថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច.) បានរៀបចំកិច្ចប្រជុំចែករំលែកលទ្ធផលស្រាវជ្រាវរបស់និស្សិតទទួលអាហារូបករណ៍សរសេរសារណា ឆ្នាំ២០២៣ ដែលជាផ្នែកមួយនៃគម្រោងផ្ដល់អាហារូបករណ៍សរសេរសារណារបស់មជ្ឈមណ្ឌល សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៤។
និស្សិតដែលទទួលបានអាហារូបករណ៍ ចំនួន៧ក្រុម ព្រមទាំងវាគ្មិនកិត្តិយសចំនួន២រូប បានធ្វើបទបង្ហាញនូវលទ្ធផលស្រាវជ្រាវរបស់ពួកគេទៅលើប្រធានបទចំនួន៩ គឺ ៖ ១. បទពិសោធន៍នៃពលកម្មកុមារដោយបង្ខំ ៖ ករណីកុមារនៅរស់រានមានជីវិតពីរបបខ្មែរក្រហម, ២. បទពិសោធន៍ជីវិតស្ដីពីការរស់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, ៣. ចម្រៀងក្នុងជីវិតកុមារសម័យខ្មែរក្រហម ៖ លោក អានចនផន, ៤. អាពាហ៍ពិពាហ៍នៅក្នុងរបបខ្មែរក្រហម, ៥. តើមានរឿងអ្វីកើតឡើងចំពោះរូបិយវត្ថុកម្ពុជានារបបខ្មែរក្រហម? ៦. សក្ដានុពលនៃប្រព័ន្ធធារាសាស្រ្តដែបន្សល់ទុកពីរបបកម្ពុជាប្រជាធិបតេយ្យ ក្រោមការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា, ៧. ដំណើរការស្វែងរកយុត្តិធម៌ដោយការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា, ៨. ក្រាំងតាចាន់ ៖ មន្ទីរសន្តិសុខ ស្រុក១០៥ ក្នុងសម័យខ្មែរក្រហម, និង ៩. គោលនយោបាយកសិកម្មជ្រុលនិយមរបស់ខ្មែរក្រហម (ករណីសិក្សា ៖ ការលើកកសាងប្រព័ន្ធធារាសាស្ត្រស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ កម្មវិធីនេះមានការចូលរួមជាកិត្តិយសពីសំណាក់លោកស្រី Ms. Onishi Ai លេខាទី១, លោកស្រី Kadowaki Haruka អ្នកស្រាវជ្រាវ/ទីប្រឹក្សា ស្ថានទូតជប៉ុនប្រចាំកម្ពុជា, លោកគ្រូ-អ្នកគ្រូដឹកនាំ, សមាជិគគណៈកម្មការ, អ្នកជំនាញបច្ចេកទេស, អ្នកពាក់ព័ន្ធ ព្រមទាំងនិស្សិតមកពីសាកលវិទ្យាល័យនានាជាច្រើនរូបទៀត។
អង្គប្រជុំទទួលបានការចូលរួមពិភាក្សា ផ្ដល់នូវមតិ និងអនុសាសន៍ដ៏មានតម្លៃជាច្រើនដើម្បីចូលរួមលើកកម្ពស់កិច្ចការរបស់និស្សិតទាំងអស់ឲ្យប្រសើរឡើង ក៏ដូចជាការបង្កើនឱកាស និងលើកទឹកចិត្តដល់និស្សិតដ៏ទៃទៀតដែលបានចូលរួម ខិតខំរកប្រធានបទ ក៏ដូចជាការសិក្សាស្វែងយល់ស៊ីជម្រៅបន្ថែមទៀត ដើម្បីឲ្យការសិក្សារបស់គេទទួលបានជោគជ័យ និងចូលរួមលើកកម្ពស់ការសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រសម័យខ្មែរក្រហម។
ក្រោមជំនួយរបស់រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន មជ្ឈមណ្ឌលបានអនុវត្តនូវគម្រោងអាហាររូបករណ៍ សរសេរសារណាសម្រាប់និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដែលជាគម្រោងតូចមួយក្នុងចំណោមគម្រោងតូចៗទាំងបួន ដែលទទួលបានជំនួយថវិកាពីមូលនិធិបដិភាគជប៉ុន (Japan V)។ គម្រោងផ្តល់អាហាររូបករណ៍សរសេរសារណានេះមានរយៈពេលអនុវត្តចំនួន២ឆ្នាំ គឺឆ្នាំ២០២២ និងឆ្នាំ២០២៣។ កម្មវិធីផ្ដល់អាហារូបករណ៍នេះ មានរយៈពេលពេញមួយឆ្នាំ ដោយចែកចេញជាការផ្សព្ធផ្សាយ និងការជ្រើសរើសនិស្សិត ដើម្បីទទួល អាហារូបករណ៍, ការផ្ដល់វគ្គសិក្ខាសាលាស្ដីអំពីវិធីសាស្ត្រស្រាវជ្រាវ និងជំនាញមូលដ្ឋានក្នុងការរៀបចំ និងការធ្វើបទបង្ហាញ, ការទទួលបានការណែនាំ និងការផ្ដល់អនុសាសន៍លើការសរសេរសារណារវាងសមាជិកគណៈកម្មការ ដោយសហការជាមួយគ្រូទីប្រឹក្សារបស់និស្សិត, ការធ្វើបទបង្ហាញរបស់និស្សិតពីលទ្ធផលនៃសារណានៅក្នុងកម្មវិធីតុមូល នៅមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធ នឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ កម្ពុជា និងការបោះពុម្ពផ្សាយសារណា របស់និស្សិតដែលទទួលបានអាហារូបករណ៍។ ក្រៅពីនេះ និស្សិតដែលទទួលបានអាហារូបករណ៍ នឹងទទួលបាននូវទឹកប្រាក់ចំនួនប្រមាណ ៣.០០០.០០០ រៀល (បីលាន) ដើម្បីជួយសម្រួលការងារសិក្សាស្រាវជ្រាវនេះផងដែរ៕ (អត្ថបទ ៖ ម.ត.ឯ.ច.)


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.