នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ នេះ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច.) បានរៀបចំពិធីសំណេះសំណាលជាមួយលោកស្រី កាដុវ៉ាគី ហារុកា អ្នកស្រាវជ្រាវ/ទីប្រឹក្សា មកពីស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងបណ្ដានិស្សិតទទួលអាហារូបករណ៍សរសេរសារណារបស់មជ្ឈមណ្ឌលប្រចាំឆ្នាំ២០២៣ ទាំង៧ក្រុម សរុប១២នាក់។
និស្សិតទាំង៧ក្រុម បានធ្វើការណែនាំខ្លួន ក៏ដូចជាវឌ្ឍនភាពនៃការសិក្សាស្រាវជ្រាវរបស់ពួកគេ ព្រមទាំងបានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុនចំពោះការឧបត្ថម្ភផ្ដល់ថវិកាសម្រាប់ធ្វើការស្រាវជ្រាវសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររបស់ពួកគេ តាមរយៈ ម.ត.ឯ.ច.។
លោកស្រី កាដុវ៉ាគី ហារុកា បានធ្វើការអបអរសាទរ ព្រមទាំងបានលើកទឹកចិត្តនិស្សិតទាំងអស់ឲ្យខិតខំបំពេញការងារដែលនៅសេសសល់ និងរង់ចាំអាននូវលទ្ធផលការងាររបស់និស្សិតដែលត្រូវបញ្ចប់នាពេលខាងមុខ។ នៅក្នុងឱកាសនេះដែរ លោកស្រី កាដុវ៉ាគី ហារុកា ក៏បានចូលរួមចែកវិញ្ញាបនបត្រចូលរួមវគ្គបណ្ដុះបណ្ដាលដែលមជ្ឈមណ្ឌលបានរៀបចំកាលពីសប្ដាហ៍មុនដល់និស្សិតទាំង៧ក្រុម។
បន្ទាប់មកនិស្សិតអាហារូបករណ៍ទាំង៧ក្រុម ក៏បានចូលទស្សនាស្វែងយល់អំពីធនធានបណ្ណាល័យថ្មីរបស់មជ្ឈមណ្ឌលរួមជាមួយនឹងផ្នែកការងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ផងដែរ៕
បទបង្ហាញពី ម.ត.ឯ.ច.
សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)
អំពី ម.ត.ឯ.ច.