កិច្ចប្រជុំចែករំលែកលទ្ធផលស្រាវជ្រាវរបស់និស្សិតទទួលអាហាររូបករណ៍សរសេរសារណា


កិច្ចប្រជុំចែករំលែកលទ្ធផលស្រាវជ្រាវរបស់និស្សិតទទួលអាហាររូបករណ៍សរសេរសារណា ក្រោមការរៀបចំរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅសណ្ឋាគារភ្នំពេញ នាថ្ងៃចន្ទ ទី ១៩ ខែ ធ្នូ ឆ្នាំ ២០២២។
ក្រោមជំនួយរបស់រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន មជ្ឈមណ្ឌលបានអនុវត្តនូវគម្រោងអាហាររូបករណ៍ សរសេរសារណាសម្រាប់និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ដែលជាគម្រោងតូចមួយក្នុងចំណោមគម្រោងតូចៗទាំងបួន ដែលទទួលបានជំនួយថវិកាពីមូលនិធិបដិភាគជប៉ុន (Japan V)។ គម្រោងផ្តល់អាហាររូបករណ៍សរសេរសារណានេះ មានរយៈពេលអនុវត្តចំនួន ២ ឆ្នាំ គឺឆ្នាំ ២០២២ និង ឆ្នាំ២០២៣ ដោយមានវដ្តគម្រោងរយៈពេលមួយឆ្នាំ។ កម្មវិធីផ្តល់អាហាររូបករណ៍នេះមានរយៈពេលមួយឆ្នាំ ដោយចែកចេញជាការផ្សព្វផ្សាយ និងជ្រើសរើសនិស្សិតដើម្បីទទួលអាហាររូបករណ៍ ការផ្តល់វគ្គសិក្ខាសាលាស្តីពីវិធីសាស្ត្រនៃការស្រាវជ្រាវ (Basic Research Methodology Workshop) ការទទួលបានការណែនាំ និងការផ្តល់អនុសាសន៍លើការសរសេរសារណារវាងសមាជិកគណៈកម្មការ ដោយសហការជាមួយគ្រូទីប្រឹក្សា របស់និស្សិត ការធ្វើបទបង្ហាញរបស់និស្សិតអំពីលទ្ធផលនៃសារណាក្នុងកម្មវិធីតុមូលនៅ ម.ត.ឯ.ច. និងការបោះពុម្ពផ្សាយសារណារបស់និស្សិតដែលទទួលបានអាហាររូបករណ៍។ ក្រៅពីនេះនិស្សិតដែលទទួលបានអាហាររូបករណ៍នឹងទទួលបានទឹកប្រាក់ចំនួនប្រមាណ ៣.០០០.០០០ (បីលានរៀល) ដើម្បីជួយសម្រួលដល់ការងារសិក្សាស្រាវជ្រាវនេះផងដែរ។
សម្រាប់គម្រោងផ្តល់អាហាររូបករណ៍សរសេរសារណានៅឆ្នាំ ២០២២ នេះ ម.ត.ឯ.ច. បានធ្វើការផ្តល់ជូនដល់និស្សិត ៣ រូប ដែលមកពីសាកលវិទ្យាល័យស្វាយរៀង ចំនួន ២ រូប និង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចចំនួន ១ រូប។ បន្ទាប់ពីទទួលបានជោគជ័យក្នុងការជ្រើសរើស និងបំពេញការងារសរសេរសារណារបស់ពួកគេរួចមក និស្សិត បី រូប នឹងចែករំលែកនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ពួកគេលើប្រធានបទដូចខាងក្រោម៖
១. ការប្រតិបត្តិជំនឿព្រះពុទ្ធសាសនាខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ១៩៧៥ ដល់ ១៩៧៩ (ករណីសិក្សា៖ ស្រុករំដួល)
២. លើកកម្ពស់ការអភិវឌ្ឍតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសម័យខ្មែរក្រហម ករណីសិក្សាល្អាងល្ខោន ភ្នំសំពៅ
៣. ទស្សនៈជនរងគ្រោះសម័យខ្មែរក្រហម អំពីកេរដំណែលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
កម្មវិធីនេះនឹងមានការធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស Ms. Dovile Grickeviciute ដែលអ្នកនាងនឹង ធ្វើបទបង្ហាញលើប្រធានបទនៃនិក្ខេបបទថ្នាក់បណ្ឌិតស្តីពី ចំណាប់អារម្មណ៍ចំពោះរបបខ្មែរក្រហម៖ ការចងចាំក្នុងសង្គមក្នុងចំណោមអ្នករស់រានជំនាន់ទី២ និងជំនាន់ទី៣ (Emotional Landscapes of Khmer Rough Regime: Social Memory Among 2nd and 3rd Generation Survivor)។
ជុំទី២ គឺជាការធ្វើបទបង្ហាញអំពីលទ្ធផលនៃការស្រាវជ្រាវររបស់និស្សិតដែលទទួលបានអាហាររូបករណ៍សរសេរសារណាពីមជ្ឈមណ្ឌល។
បេក្ខជនទី១ គឺជាព្រះសង្ឃព្រះអង្គព្រះនាម ជុំ ពលៈ បញ្ចប់ថ្នាក់បរិញ្ញាបត្រមកពីសាកលវិទ្យាល័យស្វាយរៀង ហើយប្រធានបទដែលព្រះអង្គលើកឡើង មានចំណងជើងថា “ការប្រតិបត្តិជំនឿព្រះពុទ្ធសាសនាខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ១៩៧៥ ដល់ ១៩៧៩ (ករណីសិក្សា៖ ស្រុករំដួល)”។
បេក្ខជនទី២ គឺជានិស្សិតដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ហើយប្រធានបទដែលកញ្ញា លើកឡើងមានចំណងជើងថា “លើកកម្ពស់ការអភិវឌ្ឍតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសម័យខ្មែរក្រហម ករណីសិក្សាល្អាងល្ខោន ភ្នំសំពៅ”។
ក្រោយពីការធ្វើបទបង្ហាញទាំងបីប្រធានបទចប់សព្វគ្រប់ អង្គប្រជុំមានកិច្ចពិភាក្សា ផ្តល់នូវអនុសាសន៍ដ៏មានតម្លៃជាច្រើនដើម្បីចូលរួមលើកម្ពស់ការស្រាវជ្រាវរបស់និស្សិតទាំងអស់ឲ្យបានប្រសើរឡើងថែមមួយកម្រិតទៀត។ កិច្ចពិភាក្សានាថ្ងៃនេះនឹងក្លាយជាសកម្មភាព រួមទាំងសារលើកទឹកចិត្តដល់និស្សិតដទៃទៀតដែលមានគម្រោងសរសេរសារណានាឆ្នាំក្រោយ ខិតខំរកប្រធានបទល្អៗ និងសិក្សាឲ្យបានស៊ីជម្រៅបន្ថែមទៀតលើប្រធានបទដែលខ្លួនបានជ្រើសរើសយកមកសរសេរ។


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.