ដើមបណ្តឹងរដ្ឋប្បវេណី



សំណុំរឿង ០០២ មានជនជាប់ចោទពីររូប គឺនួន ជា និងខៀវសំផន ហើយត្រូវបានបែងចែកជាដំណាក់កាល។ ជនជាប់ចោទទាំងពីរត្រូវបានអង្គជំនុំជម្រះ សាលាដំបូងកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៤។ ដោយសារមានបណ្តឹងសារទុក្ខ ដូច្នេះអង្គជំនុំជម្រះតុលាការកំពូលបានធ្វើ និងបញ្ចប់សវនាការដេញដោលរួចហើយ។ អង្គជំនុំជម្រះតុលាការកំពូលបានប្រកាសសាលដីកាស្ថាពរនៅថ្ងៃទី ២៣ វិច្ឆិកា ឆ្នាំ២០១៦។

សំណងរដ្ឋប្បវេណី៖ ដោយសារមិនមានបណ្តឹងសារទុក្ខលើសំណង ដូច្នេះសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង ទុកជាបានការលើការសម្រេចអំពីគម្រោងសំណងចំនួន ១៣ ដែលពាក់ព័ន្ធនឹងវិស័យអប់រំ នីតិសម្បទា និងការចងចាំ ដោយមានការទទួលស្គាល់ដោយដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣៨៦៧ នាក់។

សហមេធាវីនាំមុខ និងអង្គភាពគាំពារជនរងគ្រោះបានសម្តែងឆន្ទៈរួមសហការក្នុងការ កសាង និងអនុវត្តគម្រោងនេះជាមួយ អ.វ.ត.ក. និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង រដ្ឋាភិបាលជប៉ុន ធ្វើយ៉ាងណាសម្រួលឲ្យសាធារណៈជនអាចចូលទៅសិក្សា និងស្វែងយល់ អំពីឯកសារតុលាការរបស់ អ.វ.ត.ក. ហើយបំពេញរាល់ភារកិច្ច ឬកិច្ចការទាំងឡាយណា ដែលចាំបាច់ដល់ដំណើរការនៃការផ្ទេរឯកសារពីតុលាការទៅកាន់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់។ សហមេធាវីនាំមុខដើមបណ្តឹងរដ្ឋប្បវេណី គឺជាអ្នកតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣៨៦៧ នាក់ បានស្នើសុំអង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក. ឲ្យទទួលស្គាល់គម្រោង សំណងចំនួន ១៧ ដើម្បីជួសជុសព្យសនកម្ម ដែលដើមបណ្តឹងរដ្ឋប្បវេណីបានទទួលរងក្នុង សម័យកម្ពុជាប្រជាធិបតេយ្យ។ គម្រោងទាំង ១៧ មានគម្រោងចំនួន ០៥ ដែលសហមេធាវី នាំមុខស្នើសុំរាជរដ្ឋាភិបាល ក្នុងគម្រោងស្នើសុំទៅរាជរដ្ឋាភិបាលនោះក៏មានមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ជាគម្រោងសំណងនៃសំណុំរឿង ០០២/០២ ផងដែរ។ យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ ១៣១២ សជណ.ផក ចុះថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៦ ជូនទៅ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំយុវជន និងកីឡា និង ប្រធានរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្រោមខ្លឹមសារដែលបញ្ជាក់ថា មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ (LDC) ត្រូវបានដាក់បញ្ចូលជាសំណងដល់ដើមបណ្តឹងរដ្ឋប្បវេណី នៅក្នុងសំណុំរឿង០០២/០២ ដោយសារគម្រោងនេះមានការគាំទ្រទាំងផ្នែកថវិកា ផ្នែកបច្ចេកទេស និងធនធានមនុស្សពេញលេញគ្រប់គ្រាន់រួចហើយ។ មជ្ឈមណ្ឌលនេះមានតួនាទីតម្កល់ឯកសារច្បាប់ និងឯកសារពាក់ព័ន្ធស្តីពីដំណើរការជំនុំជម្រះក្តីរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ផ្តល់ជាទីកន្លែងដល់សាធារណៈជន និងអ្នកស្រាវជ្រាវជាតិ អន្តរជាតិ មកស្វែងយល់ និងសិក្សាការងារពាក់ព័ន្ធនឹងការកាត់សេចក្តីអតីត មេដឹកនាំខ្មែរក្រហម។ មជ្ឈមណ្ឌលនេះជាផ្នែកមួយយ៉ាងសំខាន់នៃកេរដំណែល ក្នុងការចងចាំ ការអប់រំ និងការទប់ស្កាត់នៃការវិលត្រឡប់មកវិញនៃរបបសម្លាប់រង្គាល។ ហេតុដូច្នេះហើយ ទើបមជ្ឈមណ្ឌលយើងរៀបចំឲ្យមានបន្ទប់ដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីតម្កល់ទុកគ្រប់ឯកសារ សក្ខីកម្ម ឬឯកសាររឿងរ៉ាវផ្សេងៗរបស់ដើមបណ្តឹងរដ្ឋប្បវេណី និងជាទីកន្លែងយ៉ាងសមរម្យ សម្រាប់ពួកគាត់ និងកូនចៅជំនាន់ក្រោយរបស់គាត់បានមកអាន ស្រាវជ្រាវ ឬជួបប្រឹក្សា ជាមួយសហមេធាវីនាំមុខដើមបណ្តឹងរដ្ឋប្បវេណី។