អបអរសាទរការសម្ពោធវិមាន​ ឈ្នះ ឈ្នះ


នៅថ្ងៃសៅរ៍ ៧រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជាក្រោម «នយោបាយ ឈ្នះ ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានមោទនភាពរីករាយចំពោះការសម្ភោធ វិមាន ឈ្នះ ឈ្នះ នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិខ្មែរ និងមិត្តភ័ក្តិបរទេសទាំងអស់ដែលបានចូលរួមអបអរសាទរក្នុងទិវាជាប្រវត្តិសាស្ត្រដ៏សំខាន់របស់ប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អបអរសាទរ និង ឧទ្ទិសនូវសមិទ្ធផលនៃនយោបាយ ឈ្នះ ឈ្នះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិតណាស់ប្រទេសកម្ពុជាបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ ក៏ប៉ុន្តែពេលនោះ កម្ពុជាមិនទាន់ទទួលបាននូវសុខសន្តិភាពពេញលេញនៅឡើយទេ គឺយើងនៅមានពួកខ្មែរក្រហម មានតំបន់ត្រួតត្រាច្រើន និងពោរពេញដោយគ្រោះថ្នាក់ជាច្រើនកន្លែងដូចជា តំបន់ប៉ៃលិន សំឡូត ម៉ាឡៃ អន្លង់វែង ឱរ៉ាល់ តាកែនកោះស្លា និងភ្នំវល៌្លជាដើម។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ពីហេតុផល សំខាន់ចំនួន៣ ដែលបានដាក់ចេញក្នុងពេលធ្វើសមាហរណកម្មខ្មែរក្រហមជាមួយរាជរដ្ឋាភិបាល គឺៈ ១)ធានាចំពោះអាយុជីវិត និងរូបកាយ។ ២)ធានាចំពោះអាជីព និងមុខរបរ និង ៣) ធានាចំពោះកម្មសិទ្ធិ រួមទាំងចលនាទ្រព្យ និងអចលនទ្រព្យ។ ដោយសារជំនឿទុកចិត្ត និងការធានាចំពោះ៣ចំនុចខាងលើនេះហើយ ដែលបានធ្វើឲ្យប្រទេសកម្ពុជាបញ្ចប់សង្គ្រាមដោយជោគជ័យ និងមានសុខសន្តិភាពពេញលេញក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ។ ឆ្លៀតនៅក្នុងឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន បានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សិរយយសដល់ឥស្សរជនដែលមានស្នាដៃមួយចំនួនដែលបានចូលរួមកសាង វិមាន ឈ្នះ ឈ្នះ នេះ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរដល់ប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ទាំងអស់ ជាពិសេស សម្តេចតេពិជ័យសេនា ទៀ បាញ់ និងមន្ត្រីនៃគណបក្សប្រជាជនកម្ពុជាមួយចំនួនទៀត។ បន្ទាប់មក សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញកាត់ខ្សែបូរសម្ភោធ វិមាន ឈ្នះ ឈ្នះ និងអញ្ជើញទស្សនាចម្លាក់នៅតាមជញ្ជាំង​ ទស្សនាសារៈមន្ទីពិពរណ៍រូបថតនៅខាងលើវិមាន និងពិពរណ៌ជាច្រើនទៀតនៅខាងក្រោមវិមាននៅក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.