អំពី ម.ត.ឯ.ច.


មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច.) បង្កើតឡើងជាតម្រូវការសម្រាប់ការរៀបចំ ការអនុវត្តនូវកេរតំណែល និងការបន្សល់ទុករឿងក្តីរបស់សាលាក្តីខ្មែរក្រហម ។ ម.ត.ឯ.ច. នេះ បង្កើតឡើងដោយអនុក្រឹត្យលេខ ១៥៩ អនក្រ.បក ចុះថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ ២០១៥។​ ការខិតខំប្រឹងប្រែងជាបន្តទៀតរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ ក្នុងការអនុវត្តការផ្លាស់ប្តូរលិខិតទៅវិញទៅមក និងបានដាក់ចេញនូវលក្ខខណ្ឌដែលរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើឱ្យមាន សម្រាប់ប្រើក្នុងពេលអនាគតរបស់ LDC និងបានសម្ពោធជាផ្លូវការនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៧ ក្រោមអធិបតីភាពឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្នមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី និងឯកឧត្តម ហ៊ីដេហ៊ីសា ហូរិនូជិ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ម.ត.ឯ.ច. មានគោលបំណងតម្កល់ និងបម្រើការស្រាវជ្រាវ នូវសំណុំរឿងដែលបានមកពីការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ដើម្បីឱ្យសាធារណៈជនអាចសិក្សាស្រាវជ្រាវ និងស្វែងយល់តាមរយៈឯកសារនានា ពាក់ព័ន្ធនឹងការជំនុំជម្រះក្តី នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ការប្រើប្រាស់ដើម្បីផ្ទុកទាំងឯកសាររឹង ឯកសារទន់ រួមមានបណ្ណាល័យអេឡិចត្រូនិកដែលពាក់ព័ន្ធសវនាការខ្មែរក្រហម ការអនុវត្តពាក់ព័ន្ធនឹងសកម្មភាពជាកេរតំណែល និងការបន្សល់ទុករបស់ ECCC រួមបញ្ចូលគម្រោងសំណងក្រៅប្រព័ន្ធតុលាការ។

លើសពីនេះទៅទៀត LDC មានសក្តានុពលដ៏រឹងមាំក្នុងការទទួលយក នូវកេរដំណែលដែលជាកេរមរកតរបស់អ.វ.ត.ក. សម្រាប់ការគ្រប់គ្រង ថែរក្សា និងបម្រើការស្រាវជ្រាវ ដោយផ្អែកលើ៖

១- នៅពាក់កណ្តាលឆ្នាំ១៩៩៧ រដ្ឋាភិបាលកម្ពុជាបានស្នើឱ្យអង្គការសហប្រជាជាតិជួយក្នុងការផ្តល់នូវដំណោះស្រាយរបស់តុលាការពីបទឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ។ ក្រោយពីការចរចាជាច្រើនឆ្នាំ កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី ៦ ខែមិថុនាឆ្នាំ២០០៣ រវាងរាជរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិ សម្រាប់ការចូលរួមពីអន្តរជាតិនៅសាលាក្តីខ្មែរក្រហម ដែលបង្កើតឡើងនៅក្រោមច្បាប់កម្ពុជា។ សាលាក្តីនេះបានផ្តល់ដល់ជនរងគ្រោះក្នុងការចូលរួមយ៉ាងពេញលេញនៅក្នុងដំណើរការតុលាការ ដែលមានតែមួយគត់ក្នុងចំណោមសាលាក្តីអន្តរជាតិ។

២- ការផ្លាស់ប្តូរលិខិតទៅវិញ ទៅមករវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ និងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ ។

៣- អនុក្រឹត្យលេខ១៥៩ ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

៤- អនុស្សណៈយោគយល់រវាងអ.វ.ត.ក តំណាងដោយដោយឯកឧត្តម ក្រាញ់ តូនី និង ឯកឧត្តម ចាន់ តានី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ជាតំណាងរបស់ ដែលបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ។

៥- ការឯកភាព និងការគាំទ្រពីសំណាក់ សម្តេចអគ្គមហាសេបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដាក់បញ្ចូល LDC ជាគម្រោងសំណងរបស់ដើមបណ្តឹងរដ្ឋប្បវេណី នៅថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៦ តាមរបាយការណ៍ស្តីពីការប្រកាសសាលដីកាស្ថាពរក្នុងសំណុំរឿង ០០២/០១ និងសំណើសុំរាជរដ្ឋាភិបាលគាំទ្រដល់គម្រោងសំណងចំពោះដើមបណ្តឹង រដ្ឋប្បវេណីក្នុងសំណុំរឿង ០០២/០២ របស់ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ចុះនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦


ទស្សនៈវិស័យ

បម្រើសាធារណៈដើម្បីសិក្សានិងដឹងអំពីនីតិវិធីនៃសាលាក្តីខ្មែរក្រហមដែលជាតុលាការកូនកាត់ដើម្បីនាំមេដឹកនាំខ្មែរក្រហមនៅរបបកម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ 1975-1979 ឱ្យទៅរកយុត្តិធម៌នៅទាំងជាតិនិងអន្តរជាតិ។


បេសកកម្ម

​ការរៀបចំ និងការប្រព្រឹត្តទៅមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ត្រូវបានបង្កើត ឡើងដោយអនុក្រឹត្យលេខ ១៥៩ អនក្រ.បក  ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលបានផ្ដល់តួនាទីនិងភារកិច្ច ដូចតទៅ ៖

 

  • តម្កល់ឯកសារច្បាប់  និងឯកសារពាក់ព័ន្ធនានា ស្ដីពីដំណើរការជំនុំជម្រះក្ដីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា  ដែលបានមកពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
  • បំពេញតួនាទីជានិហិដ្ឋាន(Depository)
  • ផ្តល់ជាកន្លែងសម្រាប់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិផ្នែកគតិយុត្ត និងយុត្តាធិការពាក់ព័ន្ធនឹងការកាត់សេចក្ដីអតីតមេដឹកនាំខ្មែរក្រហម។
  • រៀបចំសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាល ដើម្បីឱ្យសាធារណជនបានយល់ដឹងអំពីដំណើរការ និងសមិទ្ធផលរបស់សាលាក្ដីខ្មែរក្រហម។

 


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.